Home

Contents

Facebook

Youtube


Bachelor of Social Sciences Major International Law

កម្មវិធីអប់រំសម្រាប់មុខជំនាញ នីតិអន្ដរជាតិ

១. គោលបំណង (Program Objective)

កម្មវិធីសិក្សានេះ រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលដល់និស្សិតនូវចំណេះដឹង សមត្ថភាព ជំនាញផ្នែករឹង ជំនាញផ្នែកទន់ និងឥរិយាបថល្អក្នុងការងារផ្នែកច្បាប់ នៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការក្រៅរាជរដ្ឋាភិបាលស្របតាមបរិបទអាស៊ាន និងតំបន់ ។

២. ឱកាសការងារ (Job Opportunity)

និស្សិតបញ្ចប់ការសិក្សានឹងអាចក្លាយទៅជាអ្នកជំនាញដែលអាចបម្រើការងារនៅតាមស្ថាប័នរដ្ឋ អង្គការអន្តររដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិ ក្រុមហ៊ុនឯកជនជាតិនិងអន្តរជាតិ ដែលមានមុខតំណែង​ដូចជាប្រធានស្ថាប័ន ជាសមាជិក ជាភ្នាក់ងារ ឬជាបុគ្គលិកជំនាញដែលបំរើការងារជាចៅក្រមអន្តរជាតិ ព្រះរាជអាជ្ញាអន្តរជាតិ​ អាជ្ញាកណ្តាលអន្តរជាតិ មេធាវីអន្តរជាតិ ទីប្រឹក្សាច្បាប់អន្តរជាតិ
ឯកអគ្គរាជទូត ឯកអគ្គកុងស៊ុល មន្ត្រីទូត មន្ត្រីកុងស៊ុល មន្ត្រីរាជការសាធារណៈ មន្ត្រីច្បាប់ជាន់ខ្ពស់​ សាស្ត្រាចារ្យច្បាប់អន្តរជាតិ និងអ្នកវិភាគឯករាជ្យ ព្រមទាំងកិច្ចការនានាពាក់ព័ន្ធទៅនឹងការងារច្បាប់អន្តរជាតិ ។

៣. ផលសម្រេចរំពឹងទុក (Expected Leaning Outcome)

បន្ទាប់ពីបញ្ចប់ការសិក្សាបរិញ្ញាបត្រវិទ្យាសាស្ត្រសង្គម និងនីតិសាស្ត្រ មុខជំនាញនីតិអន្តរជាតិ និស្សិតទទួលបានសមត្ថភាពមូលដ្ឋាន និងសមត្ថភាពស្នូលដោយចែកចេញជា ៤ ផ្នែកធំៗដូចខាងក្រោម៖

៣.១- ចំណេះដឹង (Knowledge)

 • បកស្រាយពីទំនាក់ទំនងនៃប្រវត្តិសាស្រ្ត វប្បធម៌ ប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍បានយ៉ាងច្បាស់លាស់
 • ពន្យល់ពីប្រព័ន្ធច្បាប់ធំៗនៅលើពិភពលោក និងការគ្រប់គ្រងរដ្ឋបាលនៃព្រះរាជាណាចក្រកម្ពុជា
 • រៀបរាប់ពីព្រឹត្តិការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា និងពិភពលោក និងទំនាក់ទំនងអន្តរជាតិនាអតីតកាល និងបច្ចុប្បន្ន
 • ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ។

៣.២- ជំនាញក្នុងការគិត (Cognitive Skills)

 • បកស្រាយ និងប្រៀបធៀបច្បាប់ជាតិ និងអន្តរជាតិ ដូចជា ច្បាប់រដ្ឋប្បវេណី ច្បាប់ការងារ ច្បាប់ឯកជនអន្តរជាតិ ច្បាប់ពាណិជ្ជកម្មអន្តរជាតិ ច្បាប់ព្រហ្មទណ្ឌជាតិនិងអន្តរជាតិ ច្បាប់សមុទ្រ និងច្បាប់អន្តរជាតិសាធារណៈ
 • បកស្រាយទ្រឹស្តីច្បាប់ដែលគ្រប់គ្រងទំនាក់ទំនងនៃសិទ្ធិនិងកាតព្វកិច្ចរបស់បុគ្គលឯកជនជាលក្ខណៈជាតិ និងអន្តរជាតិ ទំនាក់ទំនងរវាងបុគ្គលឯកជននិងរដ្ឋ និងទំនាក់ទំនងរវាងរដ្ឋ និងសហគមន៍អន្តរជាតិ
 • បង្ហាញ និងប្រៀបធៀបនយោបាយ និងច្បាប់ដែលគ្រប់គ្រង់ទំនាក់ទំនងជាលក្ខណៈទ្វេភាគី ពហុភាគី លក្ខណៈតំបន់ និងពិភពលោក ដូចជា ទំនាក់ទំនងការទូត ការសហការ សហប្រិតបត្តិការសមាហរណកម្ម ការដោះស្រាយវិវាទ និងការទទួលខុសត្រូវអន្តរជាតិ
 • ពន្យល់អំពីដំណើរការនៃការរៀបចំសង្គមជាលក្ខណៈជាតិ និងអន្តរជាតិ ដែលស្តែងឡើងតាមរូបភាពដោយឡែកៗពីគ្នានៅក្នុងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច បរិស្ថាន សិទ្ធិសេរីភាព ការអភិវឌ្ឍ និងការអភិរក្ស 
 • ស្រាវជ្រាវ បកស្រាយ និងប្រៀបធៀបផ្នែកនីតិសាស្រ្ត ដូចជាការអត្ថាធិប្បាយច្បាប់ បរិមាធិប្បាយច្បាប់ ករណីសិក្សាច្បាប់ និងវិចារណកិច្ចលើវិវាទដោយឆ្លុះបញ្ចាំងនឹងច្បាប់។
 • វិភាគ ពិចារណា និងវាយតម្លៃ​ប្រកបដោយ​ហេតុផលខ្ពស់ និងដោះស្រាយរាល់​បញ្ហា​ប្រឈម​ស្របតាមការវិវឌ្ឍរបស់​ច្បាប់ សេដ្ឋកិច្ច និងសង្គម។
 • អនុវត្តការងារជាក់ស្តែងតាមរយៈការចុះកម្មសិក្សា និងកិច្ចការស្រាវជ្រាវនៅគ្រឹះស្ថានសាធារណៈ ឯកជន អង្គការមិនមែនរដ្ឋាភិបាល​ និងសហគមន៍នានា
 • ប្រឹក្សា និងដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងច្បាប់ ដែលកើតមានឡើងក្នុងស្ថាប័ន ឬក្រៅស្ថាប័នរបស់ខ្លួនដោយមានទំនុកចិត្ត សេចក្តីក្លាហាន ដោយចេះវិភាគពិចារណា និងវាយតម្លៃប្រកបដោយហេតុផលខ្ពស់ ។

៣.៣- ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills and Responsibilities)

 • ធ្វើការងារដោយឯករាជ្យ ជាក្រុម ដឹកនាំក្រុមការងារ ប្រាស្រ័យទាក់ទងល្អ វិភាគ ពិចារណា និងដោះស្រាយរាល់បញ្ហាប្រឈមស្របតាមការវិវត្តរបស់ច្បាប់ សេដ្ឋកិច្ច និងសង្គម ប្រកដោយការទទួលខុសត្រូវខ្ពស់ ។
 • កំណត់ពីចំណុចខ្លាំង និងចំណុចខ្សោយនៃចំណេះដឹងនិងជំនាញរបស់ខ្លួន ហើយអភិវឌ្ឍន៍សមត្ថភាពបន្តតាមរយៈការសិក្សាស្រាវជ្រាវ ឬការបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដើម្បីធានាប្រសិទ្ធភាពនៃអនុវត្តការរងារក្នុងស្ថាប័នឲ្យបានរលូន។
 • បង្ហាញវិចារណកិច្ចគតិយុត្តប្រកបដោយភាពសមហេតុផល ម៉ឺងម៉ាត់ និងមានក្រមសីលធម៌វិជ្ជាជីវៈព្រមទាំងស្វែងរកការប្រឹក្សាយោបល់រាល់បញ្ហាចាំបាច់។

៣.៤- ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)

 • ប្រើប្រាស់ភាសាអង់គ្លេស និងបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការសិក្សាស្រាវជ្រាវ និងការងាររដ្ឋបាលនៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ។
 • ប្រមូល គណនា វិភាគ បកស្រាយស្ថិតិ ឬព័ត៌មាន និងលើកជាដំណោះស្រាយដើម្បីជួយសម្រួលដល់ការសម្រេចចិត្ត ។
 • ធ្វើទំនាក់ទំនងយ៉ាងមានប្រសិទ្ធភាពទាំងការនិយាយ ធ្វើបទបង្ហាញ និងសរសេរលិខិតបទដ្ឋានគតិយុត្ត លិខិតរដ្ឋបាល និងរបាយការណ៍លទ្ធផលស្រាវជ្រាវសារណា ឬកិច្ចការស្រាវជ្រាវតូចធំ។
 • ធ្វើស្វ័យសិក្សាដោយខ្លួនឯង ដើម្បីបន្តការសិក្សាទៅកម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ។

៤. លក្ខខណ្ឌចូលរៀន

 • បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ
 • បេក្ខជនត្រូវជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានដែលរៀបចំដោយ សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ ព្រមទាំងមានការត្រួតពិនិត្យនិងទទួល​ស្គាល់​​ដោយក្រសួង អប់រំ យុវជន និងកីឡា។ ក្នុងករណីបេក្ខជនធ្លាក់លើមុខវិជ្ជាណាមួយក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬ បេក្ខជនដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមុនឆ្នាំ ២០០២ ត្រូវប្រឡងជ្រើសរើសចូលរៀន ។

៥. ចំនួនក្រេឌីត 

កម្មវិធីសិក្សាបរិញ្ញាត្រវិទ្យាសាស្ត្រសង្គម និងនីតិសាស្ត្រ មុខជំនាញនីតិសាស្ត្រ ត្រូវសិក្សារយៈពេល ៤ ឆ្នាំស្មើ ៨ ឆមាស។ ១ឆ្នាំសិក្សាបែងចែកជា ២ ឆមាស ដែល ១ ឆមាស​មានរយៈពេល ១៥ សប្ដាហ៍ ដោយមិនរាប់បញ្ចូលការប្រឡង។ ដើម្បីបញ្ចប់ការ​សិក្សាកម្មវិធីនេះ និស្សិតត្រូវទទួលបានចំនួន ១២០ ក្រេឌីត ដោយមិនរាប់បញ្ចូលភាសាចិន ដែលមានមធ្យមភាគនៃពិន្ទុនិទ្ទេសសរុប (GPA) យ៉ាងតិច ២.០០ ។  

៦. ផែនការសិក្សា