កម្មវិធីអប់រំសម្រាប់មុខជំនាញ សេដ្ឋកិច្ចអន្តរជាតិ
១. គោលបំណង (Program Aims)
កម្មវិធីសិក្សានេះ រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលដល់និស្សិតនូវចំណេះដឹង សមត្ថភាព ជំនាញផ្នែករឹង ជំនាញផ្នែកទន់ និងឥរិយាបថល្អក្នុងការគ្រប់គ្រងសេដ្ឋកិច្ចអន្តរជាតិស្របតាមបរិបទអាស៊ាន និងពិភពលោក ។
២. ឱកាសការងារ (Job Opportunity)
ក្រោយពីបានបញ្ចប់ការសិក្សាបរិញ្ញាបត្រវិទ្យាសាស្ដ្រសេដ្ឋកិច្ច មុខជំនាញសេដ្ឋកិច្ចអន្តរជាតិ និស្សិតអាចទទួលបានឱកាសការងារដូចខាងក្រោម ៖
- អ្នកវិភាគ ព្យាករណ៍សេដ្ឋកិច្ច រៀបចំគោលនយោបាយរូបិយវត្ថុ និងសារពើពន្ធ
- អ្នកពិគ្រោះយោបល់ និងស្រាវជ្រាវផ្នែកសេដ្ឋកិច្ច
- បុគ្គលិកបម្រើការងារផ្នែកសេដ្ឋកិច្ចនៅតាមបណ្ដាក្រសួង-មន្ទីរ សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ ធនាគារ និងអង្គការក្រៅរដ្ឋាភិបាលដែលមានមុខតំណែងដូចជាអ្នកវិភាគសេដ្ឋកិច្ច អ្នករៀបចំគោលនយោបាយសេដ្ឋកិច្ច អ្នកគ្រប់គ្រងសេដ្ឋកិច្ច អ្នកព្យាករណ៍សេដ្ឋកិច្ច អ្នកធ្វើផែនការសេដ្ឋកិច្ច អ្នកប្រតិបត្ដិការសេដ្ឋកិច្ច អ្នករៀបចំគោលនយោបាយ សារពើពន្ធ អ្នកគ្រប់គ្រងគម្រោង និងកម្មវិធីអភិវឌ្ឍ
- គ្រូបង្រៀនផ្នែកសេដ្ឋកិច្ចនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលរដ្ឋ និង ឯកជន ។
៣. លទ្ធផលសិក្សានៃកម្មវិធីបណ្តុះបណ្តាល (Program Leaning Outcomes: PLO)
បន្ទាប់ពីបញ្ចប់ការសិក្សាបរិញ្ញាបត្រវិទ្យាសាស្ដ្រសេដ្ឋកិច្ច មុខជំនាញសេដ្ឋកិច្ចអន្តរជាតិ និស្សិតទទួលបានសមត្ថភាពមូលដ្ឋាន និងសមត្ថភាពស្នូលដោយចែកចេញជា ៤ ផ្នែកធំៗដូចខាងក្រោម ៖
ក. ចំណេះដឹង (Knowledge)
- បកស្រាយពីទំនាក់ទំនងនៃប្រវត្តិសាស្រ្ត វប្បធម៌ ប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍បានយ៉ាងច្បាស់លាស់
- ប្រើប្រាស់ភាសាអង់គ្លេស និងបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការសិក្សាស្រាវជ្រាវ និងការងាររដ្ឋបាលនៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល
- ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ។
ខ. ជំនាញក្នុងការគិត (Cognitive Skills)
- ដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលកើតមានឡើងក្នុងធនាគារ ក្រុមហ៊ុន-សហគ្រាសពាណិជ្ជកម្ម ដោយមានទំនុកចិត្ត សេចក្តីក្លាហាន ដោយចេះវិភាគពិចារណា និងវាយតម្លៃប្រកបដោយហេតុផលខ្ពស់
- ផ្តួចផ្តើមគំនិត និងច្នៃប្រឌិតក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ធនាគារ ក្រុមហ៊ុន-សហគ្រាសពាណិជ្ជកម្ម
- ពន្យល់ពីស្ថានភាពសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសក្នុងតំបន់អាស៊ាន និងពិភពលោក
- ប្រើប្រាស់គោលគំនិតមូលដ្ឋាន និងភាសានៃការគ្រប់គ្រងដើម្បីវាយតម្លៃពីបរិស្ថានសេដ្ឋកិច្ច និងក្រុមហ៊ុនអន្តរជាតិ
- វាយតម្លៃស្ថានភាពសេដ្ឋកិច្ចរបស់ស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល
- វិភាគ ព្យាករណ៍សេដ្ឋកិច្ច រៀបចំគោលនយោបាយរូបិយវត្ថុ និងសារពើពន្ធ ពិគ្រោះយោបល់ និងស្រាវជ្រាវផ្នែកសេដ្ឋកិច្ច ។
គ. ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills and Responsibilities)
- អភិវឌ្ឍន៍សមត្ថភាពបុគ្គលតាមរយៈការសិក្សាស្រាវជ្រាវដើម្បីអនុវត្តការរងារក្នុងស្ថាប័នឲ្យបានរលូន
- ធ្វើការងារជាក្រុម ដឹកនាំក្រុមការងារ ប្រាស្រ័យទាក់ទងល្អ វិភាគ ពិចារណា និងដោះស្រាយរាល់បញ្ហាប្រឈមស្របតាមការវិវត្តរបស់សេដ្ឋកិច្ចនិងសង្គម និងការទទួលខុសត្រូវខ្ពស់
- ប្រើប្រាស់ជំនាញអន្តរបុគ្គល និងការទទួខុសត្រូវខ្ពស់ ដើម្បីប្រាស្រ័យទាក់ទងជាមួយដៃគូដែលមានវប្បធម៌ផ្សេងគ្នា ។
ឃ. ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)
- វិភាគនិងបកស្រាយទិន្នន័យនៃសេដ្ឋកិច្ច តាមរយៈការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ និងលើកជាដំណោះស្រាយដើម្បីសម្រួលដល់ការសម្រេចចិត្ត
- ធ្វើស្វ័យសិក្សាដោយខ្លួនឯង ដើម្បីបន្តការសិក្សាទៅកម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ។
៤. លក្ខខណ្ឌចូលរៀន (Enrollment Requirement)
- បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ
- បេក្ខជនត្រូវជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានដែលរៀបចំដោយសាកលវិទ្យាល័យ សៅស៍-អ៊ីសថ៍អេយសៀ ព្រមទាំងមានការត្រួតពិនិត្យនិងទទួលស្គាល់ដោយក្រសួង អប់រំ យុវជន និងកីឡា។ ក្នុងករណីបេក្ខជនធ្លាក់លើមុខវិជ្ជាណាមួយក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬ បេក្ខជនដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមុនឆ្នាំ ២០០២ ត្រូវប្រឡងជ្រើសរើសចូលរៀន
- បេក្ខជនមានបរិញ្ញាបត្ររងបច្ចេកទេសនិងវិជ្ជាជីវៈ (កម្រិត ៥) ឬ បរិញ្ញាបត្ររង អាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី ៣ ឆមាសទី ១ បានដោយរៀនបន្ថែមចំនួន ៦ ក្រឌីត ។
៥. ចំនួនក្រេឌីត (Credit Accumulation)
កម្មវិធីសិក្សាបរិញ្ញាត្រវិទ្យាសាស្ដ្រសេដ្ឋកិច្ច មុខជំនាញសេដ្ឋកិច្ចអន្តរជាតិ ត្រូវសិក្សារយៈពេល ៤ ឆ្នាំស្មើ ៨ ឆមាស។ ១ឆ្នាំសិក្សាបែងចែកជា ២ ឆមាស ដែល ១ ឆមាសមានរយៈពេល ១៥ សប្ដាហ៍ ដោយមិនរាប់បញ្ចូលការប្រឡង។ ដើម្បីបញ្ចប់ការសិក្សាកម្មវិធីនេះ និស្សិតត្រូវទទួលបានចំនួន ១២៦ ក្រេឌីត ដែលមានមធ្យមភាគនៃពិន្ទុនិទ្ទេសសរុប (GPA) យ៉ាងតិច ២.០០ ។
៦. ផែនការសិក្សា (Study Plan)