ព្រឹកថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០១២ នេះ នៅសណ្ឋាគារ អលសាន់អង្គរប៉ារាឌឺ ក្រុងសៀមរាប មានប្រារព្ធពិធី បើកសន្និសីទអន្តរជាតិ ស្ដីពី ការវិល ត្រឡប់មកវិញ នូវធុរកិច្ចរដ្ឋ សហគ្រាសរដ្ឋ ក្រោយពេលមានវិបត្តិសេដ្ឋកិច្ច ពិភពលោក ។ សន្និសីទអន្តរជាតិនេះ មានអ្នកចូលរួមពី ១៦ប្រទេស គឺ ចិន តៃវ៉ាន់ ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី បារាំង ឥណ្ឌា ឥណ្ឌូនេស៊ី សឹង្ហបូរី អាហ្វ្រិកខាងត្បូង កម្ពុជា វៀតណាម ឡាវ ភូមា ជាដើម។
ពិធីនេះ ស្ថិតក្រោមអធិបតីភាព លោក ម៉ៅ វុឌ្ឍី អភិបាលរង ខេត្តសៀមរាប និងលោកបណ្ឌិត តេរេនស៍ ហ្គោមិជ៍ (Terence Gomez) ព្រឹទ្ធបុរស ទទួលបន្ទុក កិច្ចការស្រាវជ្រាវ វិទ្យាសាស្ត្រសង្គម និងឥរិយាបថ និងជាសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ ម៉ាឡេយ៉ា ប្រទេសម៉ាឡេស៊ី និងបណ្ឌិត វុធទី លីណាម (Wutti Leenam) សាកលវិទ្យាធិការរង ទទួលបន្ទុក កិច្ចការវប្បធម៌ និងទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យ Ubon Ratchathani Rajabhat ខេត្តអ៊ុបុន ប្រទេសថៃ។
សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍ អេយសៀ មានកិត្តិយស ក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និសីទអន្តរជាតិ ស្ដីពីការវិលត្រឡប់មកវិញ នូវធុរកិច្ចរដ្ឋ សហគ្រាសរដ្ឋ ក្រោយពេល មានវិបត្តិសេដ្ឋកិច្ចពិភពលោក នាពេលនេះ ហើយម្យ៉ាង ដោយសាកលវិទ្យាល័យ USEA មានដៃគូសហប្រតិបត្តិការ ជាតិ/អន្តរជាតិ និងបាន ចុះអនុស្សារណ: យោគយល់គ្នា ជាមួយស្ថាប័នជាច្រើនកន្លងមក រហូតមកដល់ពេលនេះ នៅប្រទេសចិន ថៃ ហ្វីលីពីន វៀតណាម កម្ពុជា។
លោក ម៉ៅ វុឌ្ឍី អភិបាលរងខេត្តសៀមរាប ក្នុងនាមលោក ស៊ូ ភិរិន្ទ អភិបាលនៃគណៈអភិបាល ខេត្តសៀមរាប បានមានប្រសាសន៍ថា លោកមានសេចក្ដី សោមនស្សរីករាយ ដែលបានចូលរួម ក្នុងពិធីបើកសន្និសីទអន្តរជាតិ ស្ដីពី ការវិលត្រឡប់មកវិញ នូវធុរកិច្ចរដ្ឋ សហគ្រាសរដ្ឋ ក្រោយពេលមានវិបត្តិ សេដ្ឋ កិច្ចពិភពលោក ហើយលោកបានកោតសរសើរ ចំពោះសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍ អេយសៀ ដែលបានខិតខំយកចិត្តទុកដាក់ អស់ពីកម្លាំងកាយចិត្ត ក្នុងកិច្ចសហប្រតិបត្តិការ ជាតិ/អន្តរជាតិ ក្នុងការលើកកម្ពស់ នូវគុណភាពខាងសេវាកម្មអប់រំ ហើយពេលនេះ បានធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំសន្និសីទ អន្តរជាតិនេះឡើង ដោយមានការគាំទ្រ ពីសាកលវិទ្យាល័យម៉ាឡេយ៉ា ប្រទេសម៉ាឡេស៊ី ។
លោកបានបន្ដថា នេះជាសន្និសីទ ដ៏មានតម្លៃជាសកល សម្រាប់ប្រយោជន៍ ប្រទេសកម្ពុជា និងបណ្ដាប្រទេស នៅក្នុងពិភពលោកផងដែរ ស្ដីពី ការវិលត្រឡប់មក វិញ នូវធុរកិច្ចរដ្ឋ សហគ្រាសរដ្ឋ ក្រោយពេលមាន វិបត្តិសេដ្ឋកិច្ចពិភពលោក ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវរបស់ សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរា ជាណាចក្រកម្ពុជា។
លោក រស ប៊ុនធី សាកលវិទ្យាធិការស្ដីទី នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍ អេយសៀ (University of South-East Asia) បានមានប្រសាសន៍ ក្នុងពិធីបើកសន្និសីទ រយ:ពេលពីរថ្ងៃនេះថា យោងលើការខិតខំប្រឹងប្រែង សិក្សាស្រាវជ្រាវ លើប្រធានបទ ដែលទាក់ទងនឹងសហគ្រាសរដ្ឋ និងការធ្វើបទបង្ហាញ នៅក្នុង សន្និសីទអន្តរជាតិនេះ ក្រោមការសហការ គាំទ្រ និងឧបត្ថម្ភមូលនិធិ ពីសំណាក់សាកលវិទ្យាល័យ ម៉ាឡេយ៉ា ប្រទេសម៉ាឡេស៊ី ដើម្បីពិភាក្សា រកដំណោះស្រាយ ទាក់ទងនឹងធុរកិច្ច របស់រដ្ឋនាពេលអនាគត។
គោលដៅនៃការស្រាវជ្រាវ និងសន្និសីទ គឺមាន ការកំណត់នូវវិធីសាស្ត្រ អនុវត្តល្អបំផុត នៃសហគ្រាសរដ្ឋនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍ ដូចជា ចិន ជប៉ុន តៃវ៉ាន់ កូរ៉េខាងត្បូង សឹង្ហបូរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី បារាំង កម្ពុជា វៀតណាម និងឡាវ។ ហើយរកឲ្យឃើញនូវយុទ្ធសាស្រ្តចម្បងៗ ដើម្បី ជំរុញការអនុវត្តន៍ ឲ្យបានល្អបំផុត នៅក្នុងសហគ្រាសរដ្ឋ រួចរៀបចំសំណើគំរូថ្មីៗ ។
ទាក់ទងនឹងការបង្កើត អាជីវកម្ម និងសាជីវកម្ម ជាពិសេសដើម្បី ធ្វើកំណែទម្រង់ សហគ្រាសរដ្ឋ ដែលប្រតិបត្តិការ ឲ្យមានភាពប្រសើរឡើង។ បង្ហាញនូវរាល់មេរៀន ដែលទទួលជោគជ័យ ពីសហគ្រាសរដ្ឋផ្សេងទៀត ព្រមទាំងកំណត់ នូវគោលនយោបាយ សេដ្ឋកិច្ចថ្មីៗ សម្រាប់ជាឧទាហរណ៍ ចំពោះសហគ្រាសរដ្ឋ ដំណើរ ការបានល្អប្រសើរ នៅក្នុងវិស័យសេដ្ឋកិច្ចសំខាន់ៗ ។
លោកបានបន្ដថា នៅក្នុងប្រទេសខាងលើ មានប្រទេសមួយចំនួន ក៏មានកេរ្តិ៍ឈ្មោះល្បី ខាងសហគ្រាសរដ្ឋ គឺ ប្រទេស សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង តៃវ៉ាន់ និងចិន ដូចជា អាកាសចរណ៍ប្រទេសសិង្ហបុរី និងក្រុមហ៊ុនសិង្ហបុរី ដែលត្រូវបាន ទទួលចំណាត់ថ្នាក់ ជាក្រុមហ៊ុនលំដាប់ ពិភពលោក។
ក្រុមហ៊ុនមួយចំនួនទៀត នៅប្រទេសម៉ាឡេស៊ី មានភាពលេចធ្លោ ក្នុងចំណោមបញ្ជីឈ្មោះ ក្រុមហ៊ុនប្រេង PETRONAS និងក្រុមហ៊ុនទូរស័ព្ទ Telecomunikasi នៅប្រទេសឥណ្ឌូនេស៊ី និងក្រុមហ៊ុន នៅប្រទេសចិន មួយចំនួនទៀតផងដែរ។ ម្យ៉ាងខាងឯកជន រូបណីយកម្ម នៅក្នុងបណ្ដាប្រទេសជាច្រើន គឺទទួលបាន ជោគជ័យ ក្នុងនោះ គឺមានប្រទេសកម្ពុជាផងដែរ ដែលរាជរដ្ឋាភិបាល បានផ្ទេរសហគ្រាសរដ្ឋទៅឲ្យឯកជនគ្រប់គ្រង ប្រកបដោយ ប្រសិទ្ធភាពខ្ពស់៕
Copyright © 2006 - 2022 University of South-East Asia, All rights reserved.