ប្រវត្តិរបស់សាកលវិទ្យាល័យ
សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ត្រូវបានបង្កើតឡើង នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៦ ដោយម្ចាស់ភាគហ៊ុនជនជាតិខ្មែរ ចំនួន ៤ រូប ឆ្លើយតបនឹងកម្មវិធី អភិវឌ្ឍវិស័យអប់រំរបស់រដ្ឋាភិបាល ដើម្បីកសាង និងពង្រឹងធនធានមនុស្សតាមរយៈវិស័យអប់រំឧត្តម សិក្សា។ សាកលវិទ្យាល័យមានទីតាំងនៅក្នុងខេត្តសៀមរាបប្រទេស កម្ពុជា និងមានចំងាយប្រហែល ៣១៤ គីឡូមែត្រពីភ្នំពេញដែលជា រាជធានីនៃប្រទេសកម្ពុជា។ ខេត្តសៀមរាបគឺជាតំបន់សេដ្ឋកិច្ចដ៍ សំខាន់មួយក្នុងប្រទេសកម្ពុជា។ ដោយសារខេត្តនេះសំបូរប្រាសាទ បុរាណ និងរមនីយដ្ឋាន ខេត្តនេះ អាចទាក់ទាញភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិបានយ៉ាងច្រើន។ USEA ត្រូវបានទទួលស្គាល់ ដោយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈអនុក្រិតលេខ ៦៣ អនក្រ.បក ចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ក្រសួងអប់រំយុវជន និងកីឡាបានទទួលស្គាល់ USEA តាមប្រកាសលេខ ៨០២ ចុះថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០០៧។ USEA ទទួលបានការ ទទួលស្គាល់ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជាពីរលើកជាប់ៗគ្នាគឺ ឆ្នាំ ២០០៦‑២០០៩ និងឆ្នាំ ២០១០-២០១៣។ USEA មាននិស្សិតចុះឈ្មោះចូលរៀនថ្នាក់បរិញ្ញាបត្រលើកដំបូងចំនួន ៦០០ នាក់ ហើយបច្ចុប្បន្ន មាននិស្សិតសរុបចំនួន ២៩៨០ នាក់។ និស្សិតថ្នាក់បរិញ្ញាបត្រចំនួន ២៧៨០ នាក់ និងនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ២០០ នាក់។ មហាវិទ្យាល័យ ៣ ដែលពេញនិយម ជាងគេរួមមាន មហាវិទ្យាល័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ មហាវិទ្យាល័យ សិល្បៈ មនុស្សសាស្រ្ត និងភាសា និងមហាវិទ្យាល័យ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។ អាត្រានិស្សិតមាន ការងារធ្វើគឺ ៩៥%។
|
|
|
ស្លាកសញ្ញា USEA ចាស់ (លើកទី១) |
ស្លាកសញ្ញា USEA ចាស់ (លើកទី២) |
ស្លាកសញ្ញា USEA ថ្មី |
-
រូបភាពគួរស្រូវព័ណ៌មាសនៅជុំវិញរង្វង់តំណាងឲ្យភាពខ្លាំង ការអភិវឌ្ឍ និងនិរន្តរភាពរបស់សាកលវិទ្យាល័យ
-
អក្សរព័ណ៌ខៀវចាស់ដែលសរសេរជាភាសាខ្មែរ និងអង់គ្លេសនៅជុំវិញរង្វង់ និងពាក្យ USEA ដែលមានព័ណ៌ខៀវខ្ចីនៅលើសៀវភៅ តំណាងឲ្យឈ្មោះរបស់សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ
-
រូបភាពភូគោលព័ណ៌ខៀវខ្ចីនៅក្នុងរង្វង់តំណាងឲ្យកេរ្តិ៍ឈ្មោះ ការទទួលស្គាល់ជាលក្ខណៈជាតិ និងអន្តរជាតិ និងសមាហរណកម្មតំបន់ និងពិភពលោក
-
រូបភាពមួក និងផ្លែលំពែងព័ណ៌ខៀវនៅលើសៀវភៅតំណាងឲ្យការអប់រំ និងការស្រាវជ្រាវប្រកបដោយគុណភាពខ្ពស់មានភាពជា អ្នកដឹកនាំ ក្រមសីលធម៌វិជ្ជាជីវៈ គំនិតច្នៃប្រឌិត យល់ដឹងពីសង្គម និងមានការផ្តេជ្ញាចិត្តក្នុងការអភិវឌ្ឍប្រទេសជាតិ ។